ផាត់ម្ស៉ៅក្របី

10 months ago

១- អ្នកដែលមានចំណេះដឹងបែបគុណធម៌ ដ្បិតពេលខ្លះពុំអាចបម្រើបុគ្គលមានអំណាចពេញដៃក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់បានជួយជនកម្សត់កម្រម្នាក់ពិតប្រាកដ។ ការរស់នៅក្នុងជីវភាពសាមញ្ញ បម្រើភាពត្រឹមត្រូវ គឺជាសេចក្ដីសុខចុងក្រោយរបស់បុគ្គលដែល ស្គាល់ស្ងប់។ ដ្បិតខ្ញុំប្រសូតក្នុងត្រកូលកសិករពិតមែន ខ្ញុំមានបំណងថា ចង់បានជីវិតសាមញ្ញមួយបែបដែរ។ មានចំណេះដឹង បំពាក់គុណធម៌ ស្មោះត្រង់ជាមួយខ្លួនឯង អាចថាបុគ្គលដែលឯកោបន្តិច ផ្ទុយពីអ្នកដឹងខ្លះដឹង រៀនសូត្របានខ្ពង់ខ្ពស់ បែរប៉ងប្រាថ្នាតំណែង ឋានៈ និងមុខមាត់ការគោរព។

២- ភាពក្រលំបាកអាចធ្វើឲ្យយើងចេះប្រឹង និងអាចធ្វើឲ្យយើងពុំចេះប្រឹង ពេលខ្លះអាចក្លាយជាស្លាប់ក៏ថាបាន។ ចរិតរបស់មនុស្សដែលពុំចេះប្រឹងតែងរស់ប្រលែងលេងជាមួយវាសនា ខ្វះសេចក្ដីប្រឹងប្រែង។ រីឯអ្នករៀនសូត្រវិញ ខ្វះប៊ិកបាន ខ្វះសៀវភៅបាន ប៉ុន្តែបើខ្វះមនសិការចូលរួមសង្គម នោះប្រាកដជាខ្វះភាពរីកចម្រើន។ ចំណេះដឹងដែលពុំបានស្រាបភាពត្រឹមត្រូវ គឺជាប្រៀបបានដូចជាផាត់ម្ស៉ៅក្របី ឬដុះក្អែលដំរី។ ខុង មិញ ធ្លាប់ថា “រៀនដើម្បីប្រើ និងប្រើឲ្យបានលទ្ធផល”។

៣- ឡៅ ជឺ (Lao Tzu) ធ្លាប់ពោលថា “ចំណេះដឹង គឺជាកំណប់មហាសាល ប៉ុន្តែការអនុវត្តជាក់ស្ដែង វាគឺជាមាគ៌ាដែលទៅរកកំណប់នោះ”។ ការរៀន ខុសពីការធ្វើផ្ទាល់ ហើយការធ្វើផ្ទាល់នៅពេលនេះ ក៏ខុសពីការធ្វើនៅថ្ងៃស្អែក។ ចំណែកការធ្វើនៅថ្ងៃខានស្អែក វាក៏ពុំដូចជាការធ្វើនៅថ្ងៃខានស្អែកមួយទៀតដែរ។ នៅពេលដែលមនុស្សមានឆន្ទៈក្នុងធ្វើអ្វីមួយឲ្យពិតប្រាកដ នោះនឹងចេញវិធីសាស្រ្តតាមក្រោយ។ ហើយវិធីសាស្រ្តក៏ពុំមែនមានតែមួយមុខគត់ដូចគ្នា។

៤- ក្នុងសង្គមបុគ្គលដែលក្ដាប់អយុត្តិធម៌ កម្រនឹងអាចប្រគល់យុត្តិធម៌ជូនមនុស្សរាស្រ្តណាស់ ប៉ុន្តែវាអាចទៅជាការជិះជាន់។ ក្រៅពីរស់ដោយភាពត្រឹាចមត្រូវ ភាពយុត្តិធម៌ នោះមេដឹកនាំនឹងរស់ក្នុងភាពអយុត្តិធម៌ និងពុំយល់អំពីអត់ឃ្លាននោះទេ។ ម្ដាយខ្ញុំធ្លាប់ប្រាប់ថា “កាលពីសម័យខ្មែរមេដឹកនាំ ហូបហូរហៀរ ប៉ុន្តែរាស្រ្តហូបអន់ឃ្លាន”។

៥- ពុំថាតែចំណេះដឹង ពុំថាតែការដឹកនាំ ពុំមែនចេះតែគិតថាខ្លួនមានហូប ខ្លួនមានវិឡានោះបានន័យថាប្រទេសសុខស្រួលទេ។ ម៉ាទីន លូធឺឃីង (Martin Luther King, Jr.) តែងតែថា “ភាពងងឹតពុំអាចមើលឃើញភាពងងឹតគ្នាឯងទេ មានតែពន្លឺទេទើបអាចដឹងថាងងឹត ឬក៏មិនងងឹត។ សេចក្ដីស្អប់ ក៏ពុំអាចមើលឃើញសេចក្ដីស្អប់ដែរ សេចក្ដីស្រឡាញ់ទើបអាចឆ្លុះសេចក្ដីស្អប់បាន”។ ពេលខ្លះអង្គុយក្នុងគ្រែស្នែង ពុំអាចមើលអាចបញ្ហាឆ្លុះទេ៕


“Knowledge is a treasure, but practice is the key to it.” – Lao Tzu

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy