#ហេតុអ្វីខ្ញុំសរសេរពាក្យប្រឹង

10 months ago

១. កាលពីមួយខែមុន ពេលដែលខ្ញុំបញ្ចប់ការងាររៀបចំសៀវភៅ, ខ្ញុំបានសម្រេចចិត្តទៅទម្លាក់ភាពហត់នឿយនៅខេត្តកោះកុង។ ពេលទៅដល់ខេត្តកោះកុងភ្លាម ខ្ញុំបានទៅដល់សមុទ្រ ហើយបានអង្គុយស្តាប់សំឡេងទឹករលក និងខ្យល់អាកាសយ៉ាងស្ងប់ស្ងាត់ខាងក្នុងចិត្ត។ ស្របពេលនោះ ខ្ញុំប្រើត្រចៀកស្តាប់សំឡេងទឹករលកយ៉ាងយកចិត្តទុកដាក់បំផុតផង ហើយថែមទាំងសរសេរពាក្យមួយម៉ាត់នៅលើដីខ្សាច់ថា “ប្រឹង”។ តើហេតុអ្វីខ្ញុំសរសេរពាក្យនេះ?

២. ខ្ញុំដឹងថាជីវិត “លំបាក” តែវាមិនលំបាករហូតដល់មិនអាច “ស្រួល” នោះទេ។ ជីវិតលំបាកខ្លាំងណាស់ តែបើវាលំបាក គឺតួនាទីយើងដែលបានកើតនៅលើផែនដីនេះ “ត្រូវប្រឹងរហូតដល់លែងលំបាក”។ បើប្រឹងហើយ វានៅតែលំបាកទៀត គឺយើងត្រូវតែប្រឹងទ្វេដងរហូតដល់លែងលំបាកទៀត។ គ្រាន់តែប្រឹង វាមិនស្លាប់ទេ តែការមិនប្រឹងទៅវិញទេ ទើបវាស្លាប់។ នៅលើលោកយើងនេះ គ្មានបុគ្គលណាម្នាក់ស្លាប់ដោយសារតែការប្រឹងប្រែងទេ។ តើត្រូវប្រឹងលើរឿងអ្វីខ្លះសម្រាប់ជីវិតនេះ?

៣. ក្នុងជីវិតខ្ញុំផ្ទាល់ ខ្ញុំឆ្លងកាត់នូវរឿងឈឺចាប់ ៤យ៉ាង៖ រឿងឈឺចាប់ទី១ ជាគ្រួសារ, ទី២ ជាការងារ, ទី៣ ជាស្នេហា, និងទី៤ គឺរៀន។ រឿងទី៤ គឺជារឿងដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត។ ពេលគ្មានចំណេះ រឿងគ្រប់យ៉ាងសុទ្ធតែលំបាក ដោយមិនថាជាការងារ ស្នេហា ឬគ្រួសារនោះទេ។ ពេលយើងអវិជ្ជា យើងធ្វើការចិញ្ចឹមជីវិតដោយលំបាក, ពេលយើងអវិជ្ជា យើងជួយគ្រួសារបានដោយលំបាក, ពេលយើងអវិជ្ជា យើងយល់ពីសេចក្តីស្រឡាញ់ពិតដោយលំបាក។ គ្រប់យ៉ាងសុទ្ធតែជារឿងលំបាកនិងឈឺចាប់ ឱ្យតែខ្វះឱកាសរៀនតែម្យ៉ាង។ ខ្ញុំតែងតែចាំនូវឃ្លាមួយរហូតថា “ចង់រៀនត្រូវហ៊ានឈឺចាប់”។ ខ្ញុំសូមចូលសាច់រឿងនៅកោះកុងបន្ត។

៤. ស្អែកឡើង ខ្ញុំបានចូលអង្គុយក្នុងបន្ទប់រៀននៃសាកលវិទ្យាល័យមួយ។ បន្តិចក្រោយមក ខ្ញុំបានមានឱកាសឡើងចែករំលែកអំពីការយល់ឃើញ និងទស្សនៈជីវិតខ្លះដល់និស្សិតនៅក្នុងមហាវិទ្យាល័យ។ ខ្ញុំបាននិយាយពីរឿងខួរក្បាលនិងរឿងបេះដូង។ មុននឹងនិយាយ ខ្ញុំបានបង្ហាញចំណាប់អារម្មណ៍ដំបូងថា “ខ្ញុំឈរនៅទីនេះ គឺពុំមែនមានន័យថាខ្ញុំចេះជាងបងប្អូន ឬឆ្លាតជាង ឬពូកែជាងទេ ដ្បិតមែនទែនទៅ ខ្ញុំពុំមែនជាអ្នកចេះដឹងទេ តែខ្ញុំឈរនៅទីនេះ ក្នុងនាមជាអ្នកចែករំលែក ក្នុងនាមជាបងប្អូនខ្មែរជជែកគ្នាលេង ក្នុងនាមជាបងជាប្អូនរៀនសូត្រពីគ្នា ក្នុងនាមជាមិត្តភក្តិនិយាយរឿងក្នុងចិត្តប្រាប់គ្នាប៉ុណ្ណោះ។ ខ្ញុំជាអ្នកចែក តែពុំមែនជាអ្នកចេះ។ ខ្ញុំគ្មានសញ្ញាបត្របរិញ្ញាបត្រអ្វីទេ តែខ្ញុំមានបរិញ្ញាបត្រជីវិត”។ អ្វីដែលខ្ញុំលើកឡើងក្នុងរយៈពេល ២០នាទី គឺនិយាយផ្តោតសំខាន់ទៅលើចំណេះដឹងអំពីជីវិត ការរស់នៅ ជាពិសេសសេចក្តីស្នេហា”។

៥. ខ្ញុំសង្កេតឃើញថាស្ទើរតែគ្រប់ឱកាសដែលខ្ញុំបានចែករំលែក, ខ្ញុំពុំដែលភ្លេចនិយាយអំពីរឿងនៃសេចក្តីស្រឡាញ់ និងស្នេហាប្រុសស្រីឡើយ រហូតដល់មានព្រះសង្ឃមួយអង្គធ្លាប់បានមានសង្ឃដីកាសួរខ្ញុំថា “បងប្រុសបានលើកឡើងពីស្នេហា ថាវាអាចនាំឱ្យមានការឈឺចាប់។ ចុះមានឃ្លាមួយអះអាងថា ‘ស្នេហាជាថ្នាំប៉ូវ ហើយស្នេហាក៏ជាថ្នាំពុលដែរ’។ តើបងយល់យ៉ាងណាដែរ?” ស្នេហាជាថ្នាំំប៉ូវសម្រាប់បុគ្គលទាំងឡាយណាដែលយល់ពីសេចក្តីស្រឡាញ់ពិត ហើយវាជាថ្នាំពុលសម្រាប់បុគ្គលណាដែលមិនយល់សោះពីសេចក្តីស្នេហា ឬជាថ្នាំពឹសសម្រាប់បុគ្គលណាដែលយល់ខុសពីនិយមន័យពិតរបស់ស្នេហា។ ពេលបញ្ចប់ការចែករំលែកក្នុងថ្នាក់ ខ្ញុំបានដើរចេញក្រៅបន្ទប់។

៦. ក្រោយមកមាននិស្សិតម្នាក់ចេញមកខាងក្រៅ រួចសួរខ្ញុំថា “បងប្រុស! តើជីវិតនេះគួររស់នឹងក្តីស្រឡាញ់របៀបម៉េចទើបល្អ?” ខ្ញុំញញឹមបន្តិច រួចតបថា “ទ្រឹស្តីនៃសេចក្តីស្រឡាញ់មានពាសពេញសៀវភៅ តែមនុស្សភាគច្រើនធ្វើមិនបាននិងអនុវត្តមិនបានទេ។ ដូច្នេះហើយ សូមបណ្តោយទៅតាមយថាកម្មរៀងៗខ្លួនចុះ។ ពេលណាអាចពាល់បាន ពេលហ្មឹងចុះណា៎! ខ្ញុំមិនសូវហ៊ានជូនយោបល់ប្អូនច្រើនទេ ពីព្រោះវ័យរបស់ប្អូន ការឆ្លងកាត់របស់ប្អូនធ្វើមិនបានទេ ឬបើធ្វើបាន ក៏ធ្វើបានទាំងវេទនាដែរ។ ពេលខ្លះចំណេះដឹងថ្នាក់ខួរក្បាលរបស់ប្អូន ប្រឹងទៅសង្កត់ចិត្តខ្លាំងណាស់។ ប្អូនជាអ្នករៀនសូត្រ (Academic Knowledge) រីខ្ញុំជាអ្នករៀនពីជីវិត (Practical Knowledge)។ ចំណេះដឹងខ្ញុំមាន១ ខ្ញុំប្រើ១ យកទៅពិសោធន៍ភ្លាមៗ តែប្អូនទំនងមានចំណេះច្រើនលើសពីមួយ តែប្អូនប្រើតិចនិងពិសោធន៍តិចណាស់ ឬចំណេះដឹងខួរក្បាលរបស់ប្អូនខ្លះ វាប្រឆាំងនឹងបេះដូងប្អូនផងក៏មានដែរ។ នេះជាភាពខុសគ្នារវាងប្អូននិងខ្ញុំ”។

៧. ខ្ញុំនៅចាំបាននូវទស្សនៈរបស់ ឆាលី ឆាព្លីន (Charles Chaplin) ដែលថា “មនុស្សខ្លះប្រើហេតុផលថ្នាក់ខួរក្បាល រហូតដល់លែងពាល់នូវអារម្មណ៍នៃសេចក្តីស្រឡាញ់ចំពោះគ្នានិងគ្នាទៅហើយ”។ នេះមានន័យថាយើងយល់ត្រឹមតែរឿងខុសនិងត្រូវថ្នាក់ខួរក្បាលប៉ុណ្ណោះ តែដោយសារតែទ្រឹស្តីដែលគ្មានការអនុវត្ត វាបានធ្វើឱ្យយើងពុំអាចពាល់ត្រូវនូវអ្វី ដែលជារឿងខុសនិងត្រូវរបស់បេះដូង។ ទាំងនេះ វាជារឿងគ្រោះថ្នាក់បំផុតសម្រាប់សង្គមមួយដែលបង្រៀនមនុស្សតែពីវិធីចិញ្ចឹមជីវិតរាងកាយ តែពុំបានបង្រៀនបញ្ជ្រាបពីវិធីចិញ្ចឹមព្រលឹង ព្រមទាំងមិនអាចធ្វើឱ្យមនុស្សចេះរស់នៅក្នុងសង្គមជាមួយគ្នាប្រកបដោយសេចក្តីសុខ។ តើការឈឺចាប់ វាកើតឡើងពីណា?

៨. ការឈឺចាប់ វាកើតឡើងដោយសារតែមនុស្សមិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយគ្មានការយល់ដឹងពីរបៀបនៃការរស់នៅក្នុងសង្គម។ ពេលយើងគ្មានអ្វីសោះ ចំណេះដឹងថ្នាក់ខួរក្បាលវិនិច្ឆ័យថាយើងអន់ ដ្បិតមិនមើលគេទេថា គេមានបានគ្រប់គ្នា។ តើយើងដឹងរឿងរបស់ទស្សនវិទូសូក្រាតទេ? ថ្ងៃមួយសូក្រាតដើរចូលផ្សារ។ សូក្រាតដើរដោយមានត្រឹមតែខោអាវចាស់ៗដណ្តប់ខ្លួន ព្រមទាំងគ្មានទាំងស្បែកជើងពាក់ទេ។ ពេលសូក្រាតទៅដល់ មានមនុស្សម្នាក់សួរសូក្រាតថា “តើអ្នកមិនខ្មាស់គេទេ ពេលដែលដើរចូលផ្សារដោយគ្របដណ្តប់សំលៀកបំពាក់បែបនេះ ព្រមទាំងគ្មានសូម្បីតែស្បែកជើងពាក់ផង?” សូក្រាតថា “ខ្ញុំចូលចិត្តដើរមកទីនេះ ហើយចង់មើលថាតើមានមនុស្សប៉ុន្មាននាក់ ដែលចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន និងចេះរស់នៅជាមួយនឹងរបស់តិចតួច [រស់នៅដោយគ្មានអ្វីសោះក្នុងខ្លួន]?”៕

អត្ថបទ៖ ឡាំលីម
ប្រភព៖ https://www.facebook.com/photo.php?fbid=1181743552030917&set=a.137893303082619&type=3&theater

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy