#ទៅមុខដោយគ្មានលក្ខខណ្ឌ

10 months ago

១. អ្នកប្រឹង គ្មានពេលខូចចិត្តទេ រីឯអ្នកខូចិត្ត ក៏គ្មានអារម្មណ៍ល្អប្រឹងដែរ។ អ្នកដែលតែងតែទៅមុខ បើទោះបីជាឈឺ ក៏ត្រូវតែទៅមុខ ឬបើទោះបីជាជា ក៏នៅតែទៅមុខ។ ដឹងត្រឹមតែម្យ៉ាងថា “ទៅមុខដោយគ្មានលក្ខខណ្ឌ”។

២. ខ្ញុំបានរៀនសូត្រនូវមេរៀននេះបន្ថែមពីព្រះអាទិត្យ ក្នុងខណៈពេលដែលខ្ញុំបាននាំមិត្តភក្តិរបស់ខ្ញុំបួននាក់ទៅមើលថ្ងៃរះនៅមុខប្រាសាទអង្គរវត្ត។ យើងខំក្រោកទៅតាំងព្រឹកម៉ោងបួនកន្លះព្រឹកព្រលឹម និងរង់ចាំរហូតដល់ម៉ោង៦ តែគ្មានថ្ងៃរះសោះ។ បើគ្មានថ្ងៃរះ តើយើងខាតពេលវេលាទេ?

៣. យើងនាំគ្នាអង្គុយចុះ រួចហើយស្វែងយល់ពីដំណើររបស់ព្រះអាទិត្យ។ ខ្ញុំសួរទៅគ្រប់គ្នាថា “តើព្រះអាទិត្យនឹងនៅតែដើរទៅមុខទេ ឬឈប់ដើរដោយសារតែពពកខ្មៅបាំងជិត?” គ្រប់គ្នាឆ្លើយថា “ព្រះអាទិត្យនៅតែធ្វើដំណើរយ៉ាងសុក្រឹត្យឥតងាករេឡើយ បើទោះបីជាមេឃភ្លៀង ឬមានពពកខ្មៅបាំងពន្លឺជិតក៏ដោយ”។ មែនហើយ រហូតដល់ថ្ងៃម៉ោង៩ ទើបខ្ញុំបានឃើញព្រះអាទិត្យរះ មានពន្លឺ តែមុនម៉ោង៩ ព្រះអាទិត្យគ្មានពន្លឺទេ។ តើយើងអាចទាញមេរៀនអ្វីខ្លះអំពីជីវិត?

៤. បទពិសោធចាស់វស្សា ក្នុងរយៈពេលដែលខ្ញុំកំពុងជាប់ដៃប្រយុទ្ធក្នុងបេសកកម្មរយៈពេលជិតមួយទសវត្សន៍, វាមានរឿងរ៉ាវជីវិត ការឈឺចាប់ និងឧបសគ្គជីវិតជាច្រើនរាប់មិនអស់។ ខ្ញុំចង់តែឈប់ និងលែងបន្តដំណើរទៅមុខ នៅមួយកន្លែង ដ្បិតជីវិតពិតជាដំណើរដែលគួរឱ្យហត់នឿយ និងមានអារម្មណ៍ថាហត់ចិត្តខ្លាំងមែនទែន។ ប៉ុន្តែមានបុព្វហេតុមួយដែលខ្ញុំមិនអាចឈប់ ហើយវាជាបុព្វហេតុបង្ខំឱ្យខ្ញុំដើរទៅមុខរហូតគឺ “បើខ្ញុំឈប់ តើគ្រួសារខ្ញុំរស់នៅយ៉ាងណា? តើគ្រួសារខ្ញុំបានអីហូប? តើប្អូនខ្ញុំត្រូវឈប់រៀន?” អ៊ីចឹងហើយ មិនកើតទេ ជម្រើសមានតែមួយគត់គឺ “ទៅមុខដោយឥតលក្ខខណ្ឌ”។

៥. ផ្លែស្វាយ បើដល់ពេលកំណត់ចេញផ្លែផ្កា វានឹងចេញផ្លែផ្កា។ ជីវិតដែលប្រឹងប្រែង ឱ្យតែប្រឹងជានិច្ចរហូតដល់ទីបញ្ចប់ ប្រឹងដោយឥតលក្ខខណ្ឌ ប្រឹងដោយសុក្រឹត្យបំផុត ប្រឹងដោយកុំឈប់ គឺបើដល់វេលាមួយ វានឹងបង្កើតលទ្ធផល។ បើទោះបីជាជីវិតស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តឱ្យ “ដើរទៅមុខ”។ ពេលខ្លះ យើងមិនដឹងថាផ្លូវដែលយើងកំពុងដើរជាផ្លូវណាទេ នៅទីណាទេ តែបើទោះបីជាយ៉ាងណា ក៏ត្រូវតែដើរទៅមុខ ដ្បិតបើវង្វេង ក៏នឹងរកផ្លូវចេញវិញឃើញដែរ។ ចូរធ្វើជាមនុស្សព្រះអាទិត្យ ដ្បិតបើទោះបីជាមានពពកខ្មៅបិទបាំងឬអត់ទេ តែត្រូវតែធ្វើដំណើរដោយក្រឹត្យក្រមបំផុត។ នេះជាមេរៀនដែលយើងបានរៀន។ ចុងក្រោយ យើងធ្វើដំណើរទៅទីតាំងស្ងប់ស្ងាត់មួយដើម្បីធ្វើសមាធិនៅក្បែរប្រាសាទអង្គរវត្ត ជាមួយនឹងអត្ថន័យមេរៀននៃដំណើរទៅមុខនេះ៕

អត្ថបទ៖ ឡាំលីម
ប្រភព៖ https://www.facebook.com/photo.php?fbid=1181334478738491&set=a.137893303082619&type=3&theater

    0 Comments and 0 replies
Loading...

Blog categories

Recent articles

Pages

Loading...
Loading...
arrow_drop_up
OKhmer GoDialy 096 68 78 734 godialy